
កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / កសិកម្ម / Author : ATH Sokren
នៅប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំឡើងលើកទីមួយនៅព្រះរាជាណាចក្រកម្ពុជានាពាក់កណ្តាលខែវិច្ឆិកា ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសបានរៀបរាប់លម្អិតអំពីមហិច្ឆតារបស់ក្រុមហ៊ុននៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលនឹងចូលរួមក្នុងកម្មវិធី Village de la Francophonie ហើយនៅក្នុងឱកាសនោះដែរក្រុមហ៊ុន-សហគ្រាសនឹងដាក់តាំងបង្ហាញផលិតផលសំខាន់ៗរបស់ខ្លួនប្រមាណជាងម្ភៃមុខ។ សម្រាប់លោកឧកញ៉ាឱសថបណ្ឌិត វត្តមានផលិតផលទាំងនោះគឺជាកញ្ចក់ឆ្លុះបញ្ចាំងទាំងចំណេះជំនាញរបស់ខ្មែរ ទាំងសមត្ថភាពរបស់ក្រុមហ៊ុន-សហគ្រាសខ្មែរក្នុងការបង្កើតភាពជាដៃគូជាមួយបណ្តាប្រទេសនិយាយភាសាបារាំង។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍ប្រាប់ទៅវិទ្យុ RFI ថា៖ «នេះជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ព្រោះយើងបានរក្សាទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដែលនិយាយភាសាបារាំងជាយូរមកហើយ»។
លោកឧកញ៉ាឱសថបណ្ឌិតបានចាត់ទុកការចូលរួមនេះគឺជាការបន្តទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាមួយប្រទេសនិយាយភាសាបារាំង។ លោកបានរម្លឹកថា ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកនៃសហគមន៍នេះចាប់តាំងពីសហគមន៍ទើបកកើតមកម្ល៉េះ ក្រោមការជំរុញរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកក៏បានលើកឡើងផងដែរពីចំណងមិត្តភាពបែបមនុស្សជាតិ និងបញ្ញាវន្តដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនដែលនិយាយភាសាបារាំង ព្រោះមានបញ្ញវន្តកម្ពុជាជាច្រើនដែលធ្លាប់បានចូលរួមបណ្តុះបណ្តាលនៅតាមសាកលវិទ្យាល័យនានានៅលើទ្វីបនេះ៕